នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤ នៅសណ្ឋាគារហ្គាឌិន ស៊ីធី លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ហ.ស.។
"ឆ្លងកាត់ការអនុវត្តអស់រយៈពេលជាង ២០ឆ្នំា រហូតមកដល់ដំណាក់កាលទី៤ នៅពេលនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេចបានវឌ្ឍនភាពជាច្រើន គួរជាទីមោទនៈ។ សមិទ្ធផលដ៍សំខាន់បំផុតមួយ ក្នុងពេលថ្មីៗ ចុងក្រោយនេះគឺ ការណ៍ដែលកម្ពុជាបានពុះពារជម្នះឆ្លងកាត់បានដោយជោគជ័យ នូវវិបត្តិកូវីដ-១៩ ខណៈស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ត្រូវបានរក្សាក្នុងសភាពរឹងមំាល្អ ស្របពេលដែលប្រទេសមានការអភិវឌ្ឍតិចតួច មួយចំនួនទៀតនៅលើពិភពលោក ថ្វីត្បិតថាអាចឆ្លងវិបត្តិជាសកលនេះ បានជោគជ័យក៍ពិតមែន ប៉ុន្តែបានធ្លាក់ជាប់ផុងក្នុងស្ថានភាពបំណុលកម្រិតខ្ពស់" នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តមអគ្គរដ្ឋទូតប្រតិភូសភាអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនំា និងមន្រ្តីរាជការ នៃក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី -ខេត្ត និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។