ខេត្តព្រៃវែង៖នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង លោក មាស ដាឡាត់ ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២ ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់ សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។