ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:៣០ នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំង មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អមដោយជំនាញការសហភាពអឺរ៉ុបដើម្បីពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។
ការវាយតម្លៃនេះជាការវាយតម្លៃឯករាជ្យមានគោលបំណង ផ្ដល់ធាតុចូលជូនបណ្ដាស្ថាប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុបអំពីលទ្ធផល និងការវិវត្តនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ២ ដំណាក់កាលធៀបនឹងគោលដៅរំពឹងទុក។