នារសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) បានសម្របសម្រួលរៀបចំ និង ចូលរួមពិធីប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានអ្នកចូលរួមផ្ទាល់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ចូលរួមតាមប្រព័ន្ធសន្និសីទវីដេអូ Zoom និងសរុបប្រមាណជាងមួយពាន់នាក់ ។ ការរៀបចំពិធីនេះឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការ នូវសមិទ្ធផលថ្មីៗ ដែលសម្រេចដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ដាក់អនុវត្តនិងប្រេីប្រាស់ប្រព័ន្ធទាំងថ្នាក់កណ្ដាល ថ្នាក់មូលដ្ឋាន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។ យោងតាមប្រសាសន៍ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការត្រូវតែត្រៀមលក្ខណៈឱ្យរួចរាល់ រៀនសូត្របន្ថែម និង អភិវឌ្ឍខ្លួនឯងជានិច្ច ក្នុងស្មារតីរៀនឥតឈប់ ដើម្បីចាប់យកឱ្យបាននូវការផ្លាស់ប្តូររបៀបធ្វើការងារថ្មីៗ បង្កើនភាពស៊ាំឱ្យបានលឿន តាមឱ្យទាន់សម័យកាល និង គ្រប់កាលៈទេសៈនៃការវិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។
សមិទ្ធផលដែលបានប្រកាសផ្លូវការក្នុងថ្ងៃនេះមានចំនួន ៦ ដូចខាងក្រោម៖
១-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ និង ប្រកាសឱ្យហើយសម្រាប់ការអនុវត្តនីតិវិធីនេះដល់ក្រសួងយុត្តិធម៌ដែលនឹងត្រូវអនុវត្តចាប់ពីខែ មិថុនា ខាងមុខ
២-ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៣.ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី FMIS Portal ទៅកាន់រដ្ឋបាលក្រុង ស្រុក ឃុំ និង សង្កាត់ សរុបចំនួន ៥៤២
៤.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងារស្នូលនៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី
៥.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាលចំនួន ១៧, និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥
៦.ប្រកាសដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានប្រកាស ដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ ផងដែរ ។