នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក មួង សំអឿន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះបានដឹកនាំសម្របសម្រួល និងរៀបចំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ហើយក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ណុំ ស៊ីនិត អគ្គនាយករង តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត សរុបប្រមាណ ២៥០ រូប។
សិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណង៖
(១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងដីរដ្ឋជារួម ពិសេស ការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តរដ្ឋ
(២) ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
(៣) ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងគុណភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។