កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះ, ដីចុះបញ្ជីស្ទួន, ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោក លោកស្រី ក្រុមការងារគណៈកម្មការអន្តក្រសួងដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និង ជាតំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ,អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។