កោះកុង៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នំាថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អមដោយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។
កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហើយកំពង់ផែនេះសាងសង់ឡើងដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រំាបីរយកៅសិបប្រំាពីរលានរៀលគត់)។
គម្រោងសាងសង់ត្រូវបានចែកចេញជា២ ជំហ៊ាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹង១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២.០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៍មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចូលផែ អគារអ្នកដំណើររងចំា អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ និងខ្លោងទ្វារជាដើម។
គោលបំណងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ គឺជួយសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។