រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌។
សិក្ខាសាលានេះគឺជាសិក្ខាសាលាលើកទីមួយក្រោមកិច្ចសហការ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយមានការចូលរួមសង្កេតការណ៍ ពីតំណាងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ៣ រួមមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង ការចូលរួមពីស្ថាប័នសំខាន់ៗ នៅក្នុងវិស័យយុត្តិធម៌ មានជាអាទិ៍៖ ក្រសួងយុត្តិធម៌ផ្ទាល់ តុលាការកំពូល សាលាឧទ្ធរណ៍ តាមតំបន់ ទាំង ៤ រួមមាន៖ រាជធានីភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាដំបូងរាជធានី-ខេត្ត ទាំង ២៥ និង អង្គភាពពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ព្រមទាំង អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់ជាបង្គោលចរដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់វិស័យយុត្តិធម៌ និងពិភាក្សាលើកិច្ចការកែទម្រង់គាំទ្រគ្នាទៅវិញទៅមក ដែលជាការដកពិសោធន៍សាកល្បងដ៏សំខាន់មួយ សម្រាប់សុខដុមនីយកម្ម និងភាពប្រទាក់ក្រឡាគ្នានៃការងារអន្តរកែទម្រង់របស់រាជរដ្ឋាភិបាល គឺរវាងការដា្ឋនកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលចូលរួមវិភាគទានលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ។