(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២៥ លោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក មួង សំអឿន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធបានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ គណនេយ្យភាពសមិទ្ធកម្ម» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំរយៈពេលពេញ ១ថ្ងៃ និងមានការញ្ជើញចូលរួមពីសមាសភាពសរុបប្រមាណ ២៦២រូប មកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥។
គួររំលឹកផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានរួមចំណែកដ៏សំខាន់ ទាំងក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា។ តួរយ៉ាង ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣ ចំណូលថវិកាជាតិកើនឡើងប្រមាណជិត ២០ ដង ដែលធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការបង្កើនចំណាយរហូតដល់ទៅប្រមាណជិត ១៥ ដង។
បន្ថែមពីនេះ សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយនេះ បាននិងកំពុងដើរលើវិថីដ៏ត្រឹមត្រូវ បោះជំហានប្រកបដោយភាពជឿជាក់ និងជាក់ស្តែងនិយម ដើម្បីរួមចំណែកជំរុញកម្ពុជា ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម យ៉េត វីណែល ក៏បានបញ្ជាក់ផងដែរថា វិបត្តិសកល ដែលសល់ពីស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ សង្គ្រាម និងវិបត្តិផ្សេងៗ បានផ្ដល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ស៊ីជម្រៅ។ ដូចនេះ ដើម្បីជំរុញការងារកែទម្រង់ក្នុងបរិការណ៍នេះ អង្គភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការអនុវត្តឱ្យខាន តែបាននូវវិធានការចាំបាច់ទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយ ដើម្បីបន្តបង្កើនភាពរឹងមាំដល់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលធានាបានពេញលេញនូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយមានភាពធន់ និងបត់បែនទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃសង្គម-សេដ្ឋកិច្ចសកលោក៕